ព័ត៌មានជាតិ

ល្បែងស៊ីសងជាអំពើរខុសច្បាប់! លោក ប៉ោង ស៊ីណាត អធិការស្រុកមេមត់ មើលមិនឃើញ ឬស្ពឹកស្រពន់ដៃជើង មិនបង្ក្រាបឱ្យទាន់ពេលវេលា បណ្តោយឱ្យបងធំខាងបង្កើតបនល្បែងអនឡាញ កំពុងសប្បាយប្រមូលលុយ ជ្រកក្រោមស្លាកហាងកាហ្វេ

ល្បែងស៊ីសង(ស្រុកមេមត់) ៖ មហាជនសង្កេតឃើញថាៈ ក្រុមឈ្មួញល្បែងធំៗ កំពុងសប្បាយនឹងការប្រមូលលុយពីប្រជាពលរដ្ឋដោយខុសច្បាប់ តាមរយៈការដាក់ពង្រាយល្បែង “អនឡាញ” មាន់ជល់ទូរទស្សន៍ នៅតាមបណ្ដាហាងកាហ្វេមួយចំនួន ក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងនោះថៅកែល្បែង”អនឡាញ”នីមួយៗ បានដាក់ឱ្យកូនឈ្នួល ឬកម្មកររបស់ខ្លួន ឈរជើងសម្រាប់ស៊ីសងប្រាក់ ដែលក្រុមអ្នកញៀនល្បែង មកទទួលទានកាហ្វេ និងភ្នាល់ចាក់លុយរៀងរាល់ថ្ងៃ។

ជាក់ស្ដែង ទីតាំងល្បែងអនឡាញ លោក ប៉ោង ស៊ីណាត អធិការស្រុកមេមត់ មិនទាន់បង្ក្រាបមានដូចជា៖
ទី១៖ នៅចំណុចហាងកាហ្វេទល់មុខអធិការដ្ឋាននគរបាលស្រុកមេមត់ ខាងលិចផ្សារមេមត់ ប្រ​ហែល២០០ម៉ែត្រ ក្នុងឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
២៖ ចំណុចហាងកាហ្វេ នៅខាងក្រោយ មន្ទីរពេទ្យបង្អែកស្រុកមេមត់ ក្នុងឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
៣៖ ចំណុចតារាងបាល់ទះ នៅខាងជើងផ្សារបុរីតេជោ ក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

៤៖ ចំណុចហាងកាហ្វេ នៅខាងលិចផ្សារដារ ប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

៥៖ ចំណុចហាងកាហ្វេ នៅខាងលិចផ្សារដារ ប្រហែល១គីឡូម៉ែត្រ ស្ថិតនៅភូមិដារផ្សារ ឃុំដារ ស្រុ​កមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងនោះអស់លោកអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ បានរក្សាភាពស្ងៀមស្ងាត់មិនអនុវត្តន៍ តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីពីការទប់ស្កាត់ និងបង្គ្រាបបទល្មើស ល្បែងស៊ីសងគ្រប់ប្រភេទនោះទេ។

មហាជនដែលរស់នៅក្នុងភូមិសាស្ត្រស្រុកមេមត់  ខេត្តត្បូងឃ្មុំ បានលើកឡើងថា ជាទូទៅក្រុមអ្នកញៀនល្បែង​ជល់មាន់តាមអនឡាញនៅទីតាំងខាងលើ តែងតែពពាក់ពពូន ផ្តុំក្បាលគ្នាចូលទៅលេងល្បែងស៊ីសងបញ្ជល់មាន់តាមអនឡាញខាងលើជាប្រចាំ ដោយស្រែកហ៊ោកញ្ជៀវ គ្មានញញើតនឹងទោសទណ្ឌបន្តិចណាទាល់តែសោះ។ បញ្ហាអសន្តិសុខ កើតនូវអំពើចោកម្ម និងបទល្មើសផ្សេងៗ ដូចជាចោរលួច ចោឆក់ ចោប្លន់ និងអំពើហិង្សាជាដើម គឺផ្តើមចេញពីល្បែងស៊ីសង។

ហេតុនេះពលរដ្ឋសង្ឃឹមថាលោក ប៉ោង ស៊ីណាត អធិការស្រុកមេមត់ លោក ស្រេង លី អភិបា​លស្រុកមេមត់ ជាពិសេសឯកឧត្តម ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ ​មេត្តាចាត់​​កម្លាំង​​ជំនាញ ចុះបង្ក្រាបទីតាំងល្បែងស៊ីសង ដូចបានជម្រាបជូនក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឱ្យមានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។
អង្គភាពយើងរង់ចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ។