ខេត្តកណ្តាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដឹកនាំ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការឆ្លើយតបលិខិតក្រសួងមហាផ្ទៃ ទូទាំងខេត្តកណ្ដាល ដោយមានការចូលរួមពី អាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ទីរពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញផងដែរ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប៊ុន ផេង បានជំរុញ ដល់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវឆ្លើយតបនូវរាល់លិខិតរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការចុះផ្សាយរបស់សារព័ត៌មាន ការខមមិន និងការផ្ញើសារចូលគេហទំព័រ facebook ឯកឧត្តមអតិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យបានលឿន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព។
សូមបញ្ចាក់ថា ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ខេត្តកណ្តាលបាន តាមដានការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពរបស់មហាជន ដែលបានផ្ញើសារចូលគេហទំព័រ facebook របស់ឯកឧត្តមអតិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគេហទំព័រ facebook របស់សម្តេចក្រឡាហោម ស ខេង សរុបចំនួន ៨៨ករណី ដោះស្រាយបានចំនួន ៦០ករណី។ ដោយឡែក ករណីសំណើសុំជួយអន្តរាគមន៍ដោះស្រាយទំនាស់ដីធ្លី ចុះវាស់វែង កាត់ឆ្វៀលដី ដើម្បីចុះបញ្ជីក្បាលដី ចេញប័ណ្ណកម្មសិទ្ធិ និងផ្លាស់ប្ដូរប័ណ្ណកម្មសិទ្ធិ និងប្តឹងអាជ្ញាធរមូលដ្ឋាន គិតចាប់ពីឆ្នាំ២០២០ ដល់ខែតុលា ឆ្នាំ២០២៣ សរុប ៤២ករណី ដោះស្រាយបាន ៨ករណី។