ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល អញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹក និងស្ដារអាងស្តុកទឹកទី១ ក្នុងក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ: អភិបាលខេត្តកណ្ដាល បានថ្លែងនូវការកោតសរសើរ និង​វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ នៃរដ្ឋបាលគ្រប់ថ្នាក់ មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ព្រមទាំង អាជ្ញាធរ ឃុំ ភូមិ ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើន ពិសេសក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការជំរុញការអភិវឌ្ឍសង្គម -សេដ្ឋកិច្ច ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ការកោតសរសើរនេះធ្វើឡើង ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹក និងស្ដារអាងស្តុកទឹកទី១ ស្ថិតលើផ្លូវលេខ ១០៩ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៤ ដោយមានការចូលរួមពី មន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុងតាខ្មៅ និងប្រជាពលរដ្ឋជាច្រើនរូប។
ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា បើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹក និងស្ដារអាងស្តុកទឹកទី១ នាពេលនេះគឺជាការពិតជាមានសារៈសំខាន់ណាស់ ហើយក៏ជាការគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ពីសំណាក់រដ្ឋបាលខេត្តកណ្ដាល ក្នុងការដោះស្រាយឲ្យមានប្រសិទ្ធភាព ទៅលើបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង ដែលតែងតែកើតមានឡើងជាប្រចាំ​នៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។
ពិធីបើកការដ្ឋានសាងសង់ស្ថានីយបូមទឹក ការស្ដារអាងស្តុកទឹកទី១ក្រុងតាខ្មៅ នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀត របស់រដ្ឋបាលក្រុងតាខ្មៅ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ជំរុញឲ្យមានការវិវត្តរីកចម្រើន ប្រកបដោយសោភ័ណ្ឌភាព ផាសុខភាព។ ហើយផលប្រយោជន៍ នៃការអនុវត្តគម្រោងនេះ គឺបញ្ចៀសការជនលិចជំនន់ទឹកភ្លៀង និងទប់ស្កាត់ការខូចផ្លូវ នៅក្នុងទីក្រុងតាខ្មៅ ជាពិសេសជួយសម្រួលការធ្វើចរាចរណ៍ឆ្លងកាត់ និងការជន់លិចផ្ទះរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា ស្ថានីយបូមទឹក ក្នុងអាងស្តុកទឹកទី១ ក្រុងតាខ្មៅ មានទំហំ១០ម៉ែត្រ គុណនឹង ៨ម៉ែត្រ កម្ពស់ ៩.៤ម៉ែត្រ ជម្រៅ ៦ម៉ែត្រ បំពាក់ម៉ូទ័របូមទឹក ២គ្រឿង។ ចំពោះការស្តារអាងស្តុកទឹកទី១ក្រុងតាខ្មៅ គឺមានជម្រៅមធ្យម ២.៥ម៉ែត្រ។