ព័ត៌មានជាតិ

អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិសរុបជិត៩០០នាក់ បានចុះឈ្មោះយកព័ត៌មានក្នុងព្រឹត្តិការណ៍កីឡាអាស៊ានរ៉ាហ្គេមលើកទី១២ នៅកម្ពុជា

មន្ត្រីជាន់ខ្ពស់ ក្រសួងព័ត៌មានបានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ គឺមានអ្នកសារព័ត៌មានដែលបានចុះឈ្មោះយកព័ត៌មានក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេមលើកទី១២ សរុបចំនួន៨៥៥នាក់ ក្នុងនោះ អ្នកសារព័ត៌មានអន្ដរជាតិចំនួន១០០នាក់។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្ដម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាននិងផ្សព្វផ្សាយ CAMAPGOC ក្នុងពិធីបើកមជ្ឈមណ្ឌលព័ត៌មានកណ្ដាល និងមជ្ឈមណ្ឌលផ្សាយអន្តរជាតិ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

ឯកឧត្ដម ផុស សុវណ្ណ បានថ្លែងថា ដំណើរការចុះឈ្មោះយកព័ត៌មានក្នុងព្រឹត្ដិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមត្រូវបានធ្វើឡើងជាពីររបៀប ក្នុងនោះ អ្នកសារព័ត៌មាននៃបណ្តាប្រទេសក្នុងតំបន់អាស៊ានត្រូវធ្វើការចុះឈ្មោះតាមរយៈគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក (NPC) នៅតាមប្រទេសរៀងៗខ្លួន។ បន្ទាប់មក NPC នឹងធ្វើការជ្រើសរើស និងបញ្ជូនឈ្មោះមកគណៈកម្មាធិការជាតិ CAMAPGOC។ ឯកឧត្ដមបានលើកឡើងថា ចំពោះអ្នកសារព័ត៌ជាតិនិងអ្នកសារព័ត៌មានបរទេសដែលមានការិយាល័យតំណាង នៅក្នុងប្រទេសកម្ពុជា និងអ្នកសារព័ត៌មានបរទេសក្រៅតំបន់អាស៊ានត្រូវចុះឈ្មោះតាមរយៈក្រសួងព័ត៌មាន។ ឯកឧត្តមថ្លែងបញ្ជាក់ថា៖ «រហូតមកដល់ព្រឹកថ្ងៃនេះ មានអ្នកសារព័ត៌មានសរុបចំនួន ៨៥៥នាក់ បានចុះឈ្មោះយក ព័ត៌មានក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងនោះ មានអ្នកសារព័ត៌មានអន្តរជាតិចំនួន១០០នាក់»។

ជាមួយគ្នានោះដែរ ឯកឧត្តមប្រធានគណៈកម្មការបានឱ្យដឹងទៀតថា ការរៀបចំមជ្ឈមណ្ឌលព័ត៌មានកណ្ដាល (MPC) ដែលមានទីតាំងនៅទីនេះអាចផ្ទុកអ្នកសារព័ត៌មានបានចំនួន៥០០ នាក់។ MPC ផ្ដល់ជូនកន្លែងធ្វើការងារ និងសន្និសីទសារព័ត៌មាន ដោយបំពាក់ឧបករណ៍បច្ចេកទេស អ៊ីនធឺណិត ស្ក្រីន LED និងផ្តល់ជូនអាហារសម្រន់ ដល់អ្នកសារព័ត៌មាន។ មជ្ឈមណ្ឌលផ្សាយអន្តរជាតិ (IBC)ត្រូវបានរៀបចំសម្រាប់ទទួលរូបភាព និងសំឡេងពីគ្រប់ទីលានប្រកួតនិងចែកចាយស៊ីញ៉ាល់ទៅប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ។ ឯកឧត្ដមបានបន្ថែមទៀតថា ការសហការផ្សព្វផ្សាយនេះ ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយពីព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ឱ្យបានទូលំទូលាយស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល គណៈកម្មការបានបង្កើត Web App TV ដែលមានអាសយដ្ឋាន www.cambodia2023.tv ជាកម្ម វិធីទូរទស្សន៍វ៉េបសាយ ដែល មានស៊ីញ៉ាល់ Clean Feed ចំនួន១៤ប្រភេទកីឡា ពិធីបើក-បិទ និងកម្មវិធីទូរទស្សន៍ ក្នុង ស្រុកផងដែរ។ លើសពីនេះទៀត ដើម្បីជួយសម្រួលការងារចុះយកព័ត៌មាន គណៈកម្មការ បានចាត់តាំងមន្ត្រីជំនាញដើម្បីសម្របសម្រួលអ្នកសារព័ត៌មានតាមទីលានប្រកួត និងជួយដោះស្រាយបញ្ហាផ្សេងៗ ដែលទាក់ទងនឹងបញ្ហាផ្សព្វផ្សាយ និងសារព័ត៌មាន។

ទន្ទឹមនេះ ឯកឧត្ដមប្រតិភូក៏បានលើកឡើងឱ្យដឹងទៀតថា ក្រុមការងារប្រយុទ្ធ ប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវបានបង្កើតឡើងដើម្បីតាមដាននូវការផ្សព្វផ្សាយដំណឹង ក្លែងក្លាយ និងព័ត៌មានមិនពិតទាក់ទងនឹងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមតាមសារព័ត៌មាន និងបណ្ដាញសង្គម។ ក្រុមការងារនេះ ក៏មានតួនាទីឆ្លើយតបដោយផ្សព្វផ្សាយនូវព័ត៌មានពិត និងសហការជាមួយក្រុមការងារអន្តរក្រសួង និងស្ថាប័ន ភ្នាក់ងារប្រឆាំងដំណឹងក្លែងក្លាយ ក្នុងតំបន់។

ឯកឧត្តម ផុស សុវណ្ណ ក៏បានអំពានាវដល់អ្នកសារព័ត៌មានទាំងអស់រួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដោយផ្សព្វផ្សាយតែព័ត៌មានពិត មានប្រភពច្បាស់លាស់ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ មានប្រសាសន៍ថា ការចូលរួមរបស់អ្នកសារព័ត៌មាន ដែលមានវត្ដមានក្នុងព្រឹត្ដិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនេះ ដូចជាអ្នកផ្សព្វផ្សាយ អ្នកថតរូប អ្នកយកព័ត៌មាន និងនិពន្ធនាយកជាដើម គឺពិតជាផ្ដល់នូវសារៈសំខាន់ក្នុងការចូលរួមជួយចែករំលែក និងជំរុញឱ្យមានការខិតខំប្រឹងប្រែងរបស់អត្ដពលិកក្នុងស្មារតីប្រកួតប្រជែងកីឡាដល់អ្នកគាំទ្រនៅទូទាំងពិភពលោក។

យោងតាមគណៈកម្មការព័ត៌មាននិងផ្សព្វផ្សាយ CAMAPGOC បានឱ្យដឹងថា សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ គណៈកម្មការបានសហការជាមួយទូរទស្សន៍ក្នុងស្រុកក្នុងការផលិតកីឡាចំនួន១៤ប្រភេទក្នុងទម្រង់ជាខុនសូទ្ទីម(Consortium) ក្នុងនោះទូរទស្សន៍ជាតិទទួលផលិតកីឡាចំនួន០៣ប្រភេទ, BTV ទទួល ផលិតចំនួន ០២ប្រភេទ, CBS ទទួលផលិតចំនួន០២ប្រភេទ, ទូរទស្សន៍អប្សរាចំនួន ០២ ប្រភេទ, CSTV ចំនួន០២ប្រភេទ, ទូរទស្សន៍បុស្តិ៍លេខ៥ចំនួន០១, និងទូរទស្សន៍ PNN ទទួលផលិតចំនួន០១ប្រភេទ។ លើសពីនេះ ក្រុមហ៊ុនទូរទស្សន៍បរទេសចំនួនពីររួមមាន ទូរទស្សន៍ T-Sport 7 ប្រទេសថៃ និងក្រុមហ៊ុន Media Corp របស់សិង្ហបុរី មកទទួលស៊ី ញាល់ផ្សាយដោយផ្ទាល់ដើម្បីផ្សព្វផ្សាយកីឡាគ្រប់ប្រភេទទៅ ប្រទេសរបស់គេ៕