ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ ក្នុងឆ្នាំ២០២២ វិស័យឧស្សាហកម្មមានបាន​រួមចំណែក​រហូតដល់៣៨ភាគរយ​នៃសេដ្ឋកិច្ចកម្ពុជា

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា​បានថ្លែងថា ក្នុងឆ្នាំ២០២២ កន្លងមកនេះ វិស័យឧស្សាហកម្មបានរួមចំណែករហូតដល់ ៣៨​ភាគរយ នៃសេដ្ឋកិច្ចកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលរំពឹងថា វិស័យសេវាកម្ម នឹង​មាន​កំណើនខ្លាំងជាងគេ លើសវិស័យផ្សេងៗទៀត តាមរយៈកំណើនវិស័យទេសចរណ៍​នា​ពេលខាងមុខនោះ។

​ក្នុងឱកាសបន្តចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ទៀត នៅតំបន់ព្រៃស្ពឺ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងបន្តខិតខំធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធ ទាំង​ផ្នែករឹង និងទន់ ដើម្បីបម្រើដល់ការទាក់ទាញវិនិយោគមកកាន់ប្រទេសកម្ពុជា ខណៈ​បច្ចុប្បន្នកម្ពុជា មានតម្រូវការកម្លាំងពលកម្ម ក្នុង១ឆ្នាំជាង ៣០ ម៉ឺននាក់។ សម្ដេចតេជោ បញ្ជាក់ថា៖ «កម្ពុជានៅមានសក្តានុពលច្រើន ដើម្បីទាក់ទាញអ្នកវិនិយោគ ជាមួយនឹង​ការ​ខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធទាំងរឹង ទាំងទន់។ រឹង គឺផ្លូវ ឬស្ពាន កំពង់ផែ ព្រលានយន្តហោះ អគ្គិសនី និងមានអ្វីៗជាច្រើនផ្សេងទៀតដើម្បីផ្គត់ផ្គង់សម្រាប់ការ​វិនិ​យោគ។ ដោយឡែក ទន់ គឺផ្នែកច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាមួយនឹងការ​បណ្ដុះ​បណ្ដាលធនធានមនុស្សសម្រាប់ជំនាញ»។ សម្ដេចតេជោ បានចាត់ទុកជំនួបជាមួយ​បង​ប្អូន​កម្មករ និយោជិត គឺចាត់ទុកជាវេទិកាសាធារណៈមួយ ដើម្បីសួរសុខទុក្ខដល់បងប្អូន​កម្មករ កម្មការិនីផង និងមួយផ្នែកទៀតដើម្បីពិនិត្យមើលលើតម្រូវការ និងបញ្ហាដែលត្រូវ​ដោះស្រាយជូនដល់កម្មករនិយោជិតបន្ថែមទៀត។

សម្តេចតេជោបានមានប្រសាសន៍ទៀតថា ការពិនិត្យអំពីអ្វីដែលរាជរដ្ឋាភិបាល​សម្រេច​នាពេលកន្លងទៅ គឺជាវឌ្ឍនភាពមួយដែលរាជរដ្ឋាភិបាល និងម្ចាស់រោងចក្រ​ទាំង​អស់បានអនុវត្តន៍បានយ៉ាងល្អ ក្នុងនោះមានទាំងបញ្ហាតូច និងបញ្ហាធំជាច្រើន។ សម្តេច​តេជោ​បានអរគុណដល់កម្មករ កម្មការិនី ដែលបានអនុវត្តន៍បានយ៉ាងល្អនូវវិធាន​ការសុខា​ភិ​បាល និងការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ធ្វើឱ្យកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រងស្ថាន​ការណ៍​វិបត្តិកូវីដ-១៩ បានយ៉ាងល្អ រហូតអាចបើកសង្គម សេដ្ឋកិច្ចឡើងវិញដល់បច្ចុប្បន្ន។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់ម្ចាស់ផ្ទះ​ឈ្នួល​ទាំងឡាយ សូមកុំដំឡើងថ្លៃចំពោះកម្មករ និយោជិត ខណៈនាពេលកន្លងមក មានម្ចាស់​ផ្ទះ​ជួលជាច្រើន អនុវត្តបានយ៉ាងល្អដោយមិនដំឡើងថ្លៃផ្ទះជួលចំពោះកម្មករ កម្មការិនី​ឡើយ។ សម្តេចតេជោក៏បានបន្តអំពាវនាវដល់ម្ចាស់រោងចក្រ និងកម្មករ និយោជិត ត្រូវរួម​គ្នា​ធ្វើយ៉ាងណាឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ កុំឱ្យមានគ្រឿង​ញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករ និយោជិត និងថៅកែរោងចក្រ និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺអេដស៍ផងដែរ។

បើតាម ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួ ងការងារនិងបណ្តុះបណ្តាល​វិជ្ជា​ជីវៈបានឱ្យដឹងថា កន្លងទៅសម្ដេចតេជោនាយករដ្ឋមន្តីធ្លាប់បានអញ្ជើញជួប​សំណេះ​សំណាលជាមួយបងប្អូនកម្មករ និយោជិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះ​ចំនួន​១៦ដងរួចមកហើយ ក្នុងនោះកាលពីឆ្នាំ២០១៧ ចំនួន៧ដង ដែលមានកម្មករ និយោ​ជិត​​ចូលរួមចំនួន ១០៦ ០០០ នាក់មកពីរោងចក្រសហគ្រាស ចំនួន៨៨ ។ នៅឆ្នាំ២០១៨​ចំនួន៧ ដង ដែលមានកម្មករ និយោជិតចូលរួមចំនួន ១០៧ ០០០ នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០០។ ក្នុងឆ្នាំ២០២៣នេះ ចំនួន២លើកគឺកាលពីថ្ងៃទី១៣ និង ១៤ ខែមិថុនា ឆ្នាំ២០២៣ ដែលមានកម្មករ និយោជិតចូលរួមចំនួន ៣៦ ០០០ នាក់ មកពីរោង​ចក្រ​សហគ្រាសចំនួន៣៣។ ឯកឧត្ដមរដ្ឋមន្រ្ដីបន្តថា ថ្ងៃនេះជាលើកទី១៧ ដែលសម្តេចតេ​ជោ​នាយករដ្ឋមន្ត្រីបានមកជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតសរុប​ចំនួ​ន​១៨ ៣១៣ នាក់ មកពីរោងច ក្រសហគ្រាសចំនួន ១៧ ក្នុងនោះខណ្ឌពោធិ៍សែនជ័យ​ចំនួន​១០ ខណ្ឌមានជ័យចំនួន៤ និង ខណ្ឌកំបូលចំនួន៣។ ឯកឧត្ដមបានបញ្ជាក់ដែរថា រោង​ចក្រសហគ្រាសចំនួន១៧​ជា​ប្រភេទរោងចក្រកាត់ដេរទាំងអស់ ហើយផលិតផលរបស់​រោង​ចក្រ​ទាំងនេះគឺនាំចេញទៅទីផ្សារអន្តរជាតិដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេស​ចិន អូស្ត្រាលី។ល។ ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញឆ្នាំ២០២៣មានរោង ចក្រសហ​គ្រាស​ចំនួន៩ ៣១៤ មានកម្មករ និយោជិតប្រមាណជាង៦៦ ម៉ឺននាក់ដែលមានប្រាក់​ឈ្នួល​មធ្យមសរុបប្រមាណ២ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រ សហ​គ្រាសវិស័យកាត់ដេរចំនួន ៧២៧ មានកម្មករ និយោជិតសរុបជិត ៣៣៩ ០០០ នាក់ ដែល​មានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ១ពាន់៥០លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ហើយ​រាជ​ធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចទីមួយនិងជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រសហគ្រាសច្រើនជាងគេ៕