ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា ទទួលថវិកាចំនួន ៧០ម៉ឺនដុល្លារអាម៉េរិក ពីក្រុមហ៊ុន ជីប ម៉ុង

លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ អញ្ជើញទទួលថវិកាពី លោកជំទាវអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា លាង ម៉េង ប្រធាន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង ចំនួន៧០ម៉ឺនដុល្លារអាម៉េរិក ដែលបាននាំយកមកឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុង ឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។

​ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់ សកម្មភាព មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ចាប់តាំងពី ឆ្នាំ២០០១រៀងមក ដែលរហូតមកដល់ឆ្នាំ២០២៣នេះ សរុបថវិកាប្រមាណជិត ៦លានដុល្លារ អាម៉េរិកហើយ ដែលក្នុងនោះថវិកាចំនួន ១លាន ២សែនដុល្លារអាម៉េរិក គឺបានឧបត្ថម្ភជូន កាកបាទក្រហមកម្ពុជា សម្រាប់ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនចំនួន ៦២៨គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាត់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។​

លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា ក៏បានជូន ពរដល់លោកជំទាវអ្នកឧកញ៉ា ភាព ហៀក ក៏ដូចជាថ្នាក់ដឹកនាំ បុគ្គលិកនៃក្រុមហ៊ុន ជីបម៉ុងទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងឈានដល់ក្នុង ពេលឆាប់ៗខាងមុខនេះ សូមមានសុខភាពល្អ មានការគាំទ្រពីអតិថិជនកាន់តែច្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

​ជាមួយគ្នានោះ អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានបញ្ជាក់ផងដែរថា ដោយសារកត្តាសុខសន្តិភាព ទើបបានផ្តល់ឱកាសឱ្យក្រុមហ៊ុន មានការរីកចម្រើន ហើយយើងគ្រប់គ្នាមានឱកាសក្នុងការ ចូលរួមនៅក្នុងសង្គមជាតិ ប្រកបដោយបរិយាបន្ន។​អ្នកឧកញ៉ា លាង ឃុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាកបាទ ក្រហមកម្ពុជា ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអនុញ្ញាតឱ្យក្រុមហ៊ុន បានចូលរួមសកម្មភាពមនុស្សធម៌ជាមួយកាក បាទក្រហមកម្ពុជា៕