ថ្ងៃអង្គារ៍ ទី២០ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
បែកធ្លាយអគ្គនាយកដ្ឋានអន្តោប្រវេសន៍កោះ ហៅមន្ត្រីទទួលខុសត្រូវមកសួរនាំករណី ទារប្រាក់ខុសច្បាប់ក្រៅផ្លូវការ ពីប្រជាពលរដ្ឋនៅប៉ោយប៉ែត
Fri,15 February 2019 (Time 08:03 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 94នាក់)

រាជធានីភ្នំពេញ ៖ បន្ទាប់ពីប្រជាពលរដ្ឋនាំគ្នាប្រតិកម្មខ្លាំងៗ ថែមទាំងគ្រោងដាក់ពាក្យប្តឹងទៅថ្នាក់លើឲ្យជួយរកយុត្តិធម៌ ករណីទារប្រាក់ខុសច្បាប់ក្រៅផ្លូវការពីសំណាក់ក្រុមមន្ត្រីនគរបាលអន្តោប្រវេសន៍ នៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គ្រប់គ្រងដឹកនាំដោយលោក ខឹម ចិត្ត្រា ដែលទើបតែត្រូវបានប្រកាសតែងតាំងចូលកាន់តំណែងថ្មីៗកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ដែលអង្គុយមិនទាន់នឹងបានក្តៅគូថផងនោះ ស្រាប់តែផ្ទះរឿងអាស្រូវពុករលួកកក្រើកពេញក្រុងប៉ោយប៉ែតតែម្តងដូចជាករណី៖

១-យកប្រាក់ពីពលរដ្ឋក្នុងម្នាក់ៗ៥០បាត (លុយថៃ) ឬស្មើនឹង៧០០០រៀល ក្នុងការប្រថាប់ត្រាលើប័ណ្ណព្រំដែន ចេញពីប្រទេសកម្ពុជាចូលទៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

២-ធ្វើលិខិតបញ្ជាក់១សន្លឹកតម្លៃ២០០បាត និង៥០០បាតផ្សេងទៀតសម្រាប់ថតកាតចូលប្រទេសថៃ។

៣-ធ្វើលិខិតបញ្ជាក់១សន្លឹក តម្លៃ២០០បាត និង៤០០បាតផ្សេងទៀតសម្រាប់ថតកាតចូលទៅដីថៃ ចំពោះពលរដ្ឋមកពីតាមបណ្ដាខេត្ត ក្រៅពីក្រុងប៉ោយប៉ែត។

៤-ជំរិតយកលុយ៣០០បាទ ក្នុង១ខែ ពីអ្នករត់ម៉ូតូឌុបនៅគល់ស្ពានមិត្តភាពកម្ពុជា-ថៃ។

៥-ជំរិតទារលុយពីអ្នករត់ម៉ូតូកង់៣ ម្នាក់៦០០បាទក្នុង១ខែ។

៦-ជំរិតទារលុយពីអ្នកលក់ចំណីអាហារតាមរទេះរុញ ម្នាក់ក្នុង១ខែ ចាប់ពី១៥០០-២០០០ រហូតដល់៦០០០បាត។

ប្រភពបានឲ្យដឹងនៅថ្ងៃនេះថា មន្ត្រីដែលទទួលខុសត្រូវនៅប៉ុស្តិ៍ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានអគ្គនាយករដ្ឋានអន្តោប្រវេសន៍ កោះហៅមកសាកសួរ ករណីទារប្រាក់ខុសច្បាប់ក្រៅផ្លូវការពីប្រជាពលរដ្ឋ ពាក់ព័ន្ធការបំពេញបែបបទឯកសារនានានៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ប្រភពបានអះអាងថា ក្រោយមានការសាកសួរនេះហើយ អគ្គនាយករដ្ឋានអន្តោប្រវេសន៍នឹងចាត់វិធានការស៊ើបអង្កេតលើករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត។

ពាក់ព័ន្ធករណីនេះដែរ ខាងអង្គភាព មិនអាច សុំការបំភ្លឺពីលោក ខឹម ចិត្ត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មិនទាន់អាចស្វែងរកសុំការបំភ្លឺបានទេ ព្រោះគ្មានលេខទូរស័ព្ទ៕