ថ្ងៃអង្គារ៍ ទី២០ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
នាវា​ចំនួន​ពីរ​គ្រឿង​ របស់​កងកម្លាំង​ស្វ័​យ​ការពារ​ ជើង​​ទឹក​ជប៉ុន​​មក​ប្រទេ​ស​កម្ពុជា​​ ចំនួន​៤​ថ្ងៃ
Fri,08 February 2019 (Time 08:34 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 95នាក់)

យោង​តាម​សេចក្តី​ប្រកាស​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​សប្តាហ៍​នេះបានឲ្យដឹងថារដ្ឋាភិបាលប្រទេស​ជប៉ុន​បាន​ជូន​ដំណឹង​អំពី​ដំណើរ​ទស្សនកិច្ច​នៃនាវា​ចំនួន​ពីរ​គ្រឿង​របស់​កងកម្លាំង​ស្វ័យ​ការពារ​ជើង​ទឹក​ជប៉ុន​មក​ប្រទេស​កម្ពុជា​ចំនួន​៤​ថ្ងៃ​ ដែល​ការណ៍​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​ទំនាក់ទំនង​យោធា​រវាង​ប្រទេសកម្ពុជា​និង​ជប៉ុន។​ ​សេចក្តី​ប្រកាស​ចុះ​ថ្ងៃ​ទី​៥​ខែ​កុម្ភៈ​ឆ្នាំ​២០១៩របស់​ស្ថានទូត​ជប៉ុន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​នាវា​ចំនួន​ពីររបស់​កងទ័ព​ជើង​ទឹក​ជប៉ុន​ ដែល​មាន​ឈ្មោះ​ថា «សេតូយុគិ»​ (Setoyuki) និង «ស៊ីម៉ាយុគិ»​ (Shimayuki ) ដឹកនាំ​ដោយ​វរនាវីឯក​ Yoshiyuki Nakagama មេ​បញ្ជាការ​កងពល​ធំ​ហ្វឹកហ្វឺន​លេខ​១​នៃ​កងកម្លាំង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​ នឹង​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា​ ចាប់​ពី​ថ្ងៃ​ទី​២៥​ដល់​២៨​ខែ​កុម្ភៈឆ្នាំ​២០១៩​ នៅ​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ហ្វឹកហ្វឺន​លើ​លំហ​សមុទ្រ។សេចក្តី​ប្រកាស​បាន​សរសេរ​​ថា៖​«គោលបំណង​នៃ​ដំណើរ​ទស្សន​កិច្ច​នេះគឺ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​មិត្តភាព​រវាង​ប្រទេស​ជប៉ុន​ និង​ព្រះ​រាជាណាចក្រ​កម្ពុជា​ តាម​រយៈ​កម្មវិធី​ផ្លាស់​ប្តូរ​ផ្សេងៗ​ ក៏​ដូច​ជា​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​នាយ​នាវិកកម្មសិក្សា​ចំនួន១០៩​រូបដែល​ទើប​បាន​បញ្ចប់​ការ​សិក្សា​ បាន​ស្វែង​យល់​អំពី​វប្បធម៌​ និង​វិស័យ​យោធា​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា»។​ស្ថានទូត​ជប៉ុន​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ វរនាវីឯក ​Yoshiyuki Nakagama ​គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​រាជ​ធានី​ភ្នំពេញ​ ទី​ដែល​លោក​ចង់​ចូល​ជួប​សម្តែងការ​គួរ​សម​ជាមួយ​មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៦​ខែ​កុម្ភៈ។​ វរនាវី​ឯក​រូប​នេះក៏​នឹង​ធ្វើ​ទស្សន​កិច្ច​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​ សាលា​ខេត្ត​ព្រះសីហនុ​ និង​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ នៅ​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ​ផង​ដែរ។​គម្រោង​ដំណើរ​ទស្សន​កិច្ច​របស់​កង​ទ័ព​ជើង​ទឹក​ជប៉ុន​មក​កម្ពុជា​នេះ​កើត​មាន​ឡើង​ជិត​មួយ​ខែ​ បន្ទាប់​ពី​ការ​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​របស់​នាវា​ចម្បាំង​៣​គ្រឿង​នៃ​កងទ័ព​ជើង​ទឹក​ចិន​ ដែល​បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ ខេត្ត​ព្រះ​សីហនុ​ រយៈ​ពេល​៤ថ្ងៃ​ដូចគ្នា​ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី​៩ដល់​ថ្ងៃ​ទី​១២​ខែ​មករាឆ្នាំ​២០១៩។