ថ្ងៃអង្គារ៍ ទី២០ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
ប្រជា​សហគមន៍ និង​សកម្មជន​បរិស្ថាន​បារម្ភ​ជា​ថ្មី​ទៀត​ថា ត​ទៅ​អនាគត​សម្បត្តិ​ធម្មជាតិ នៅ​ខេត្ត​ភាគ​ឦសាន និង​ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ នឹង​រលាយ​ហិនហោច​នៅ​ពេល​ខ្លី​ខាងមុខ ខណៈ​បច្ចុប្បន្ន​ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​បាត​អាង​ខុសច្បាប់ នៅតែ​កើតមាន​ឥត​ឈប់​ឈរ​យ៉ាង​អនាធិបតេយ្យ​សព្វថ្ងៃនេះ​
Fri,22 March 2019 (Time 10:21 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 80នាក់)

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ ស្រុក​សេ​សាន បាន​ប្រាប់​ដោយ​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ឱ្យដឹង​កាលពី​ថ្ងៃ​ទី​២០​មិនា​ឆ្នាំ​២០១៩ ថា រថយន្ត​យី​ឌុប​ចាប់ពី ២០​គ្រឿង​ឡើងទៅ​៣០​គ្រឿង កំពុង​ប្រមូល​ដឹកឈេ​ី​អា​ជ្រៀក​និង​ឈើមូល​ចេញពី​ការដ្ឋាន​របស់​ក្រុមហ៊ុន​បាត​អាង ទំនង​ជា​ដឹក​ទៅកាន់​ប្រទេស​វៀតណាម និង​ដេប៉ូ​ទិញ​ឈើ​ផ្សេងទៀត​ក្នុង​ប្រទេស​កម្ពុជា​។ លោក​ថា ឈើ​ទាំង​នោះ​រាប់ពាន់​ម៉ែត្រគូប ឋិត​ក្នុង​ការដ្ឋាន​របស់​ក្រុមហ៊ុន​នេះ អ្នកភូមិ​ប្រទះឃើញ​ដឹកជញ្ជូន​ចេញ​ក្រៅ នៅពេល​យប់​តាម​រថយន្ត​យី​ឌុប ឬ​វ៉េង​អង​ដោយ​ជ្រក​ក្រោម​ស្លាក​មាន​ប៉េសេ​(pc)​ដោយ​ក្នុង​មួយ​គ្រឿង​អាច​ដឹកឈើ​ចាប់ពី ៣០​ម៉ែត្រគូប​ឡើងទៅ​។ ប្រជាពលរដ្ឋ​បន្តថា សព្វថ្ងៃ​នេះ​អាជីវកម្ម​ឈើ​នៅ​តំបន់​នោះ មាន​អ្នកការពារ​យាមកាម​ជា​មន្ត្រី​អាវុធហត្ថ តឹងរឹុង​ប្រុងប្រយ័ត្ន​បំផុត និង​ដាក់​បា​រ៉ាស់​រនាំង ២​ទីតាំង​ផ្សេងគ្នា នៅ​ច្រក​ផ្លូវ​ចូល​ឃុំ​ស្រែគរ​ថ្មី ក្នុង​បំណង​បិទបាំង​ព័ត៌មាន​ពី​ភាពមិនប្រក្រតី​នៃ​អាជីវកម្ម​ឈើ​នៅ​តំបន់​នោះ​៖ «​ដឹកឈើ​រាល់​យប់ ដឹក​តាម​យី​ឌុប​ឬ​វ៉េវ​អង​ក្នុង​មួយ​រថយន្ត​ចាប់ ៣០​ម៉ែត្រគូប​ឡេីង​ទៅ ហើយ​ក្នុង​មួយ​យប់ៗ ៥០ ទៅ ៦០ យី​ឌុប​ឯណោះ​»​។​

​ប្រជាពលរដ្ឋ​និង​ប្រជា​សហគមន៌​សម្ដែងការ​សោកស្តាយ​ពី​ការថយចុះ​ទំហំ​ព្រៃឈើ​ធំធេង នៅ​ខេត្ត​ភាគ​ឦសាន ដែលជា​ជម្រក​ធនធានធម្មជាតិ​ធំ​ជាង​គេ​នៅ​កម្ពុជា ជា​ពិសេស​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ និង​តំបន់​ព្រៃ​សហគមន៍​ផ្សេងទៀត​នៅ​ខេត្ត​ស្ទឹងត្រែង ត្រូវ​គេ​លួច​កាប់​ឈើ​ធំៗ បន្លំ​ចូល​បាត​អាង​អស់​ស្ទើរ​ទាំងស្រុង​។ រីឯ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ដែល​មាន​តួនាទី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ នៅតែ​មាន​ទម្លាប់​ទទួល​សំណូក​ពី​ក្រុម​ឈ្មួញ​ដឹកឈើ​ដដែល​ជា​ដដែល​។​

​ក្នុងករណី​នេះ​ដែរ​សារព័ត៌មាន​យេ​ី​ង​នៅ​មិនទាន់​អាចទាក់ទង​អភិបាលស្រុក​សេ​សាន​ស្ដីទី លោក សុវណ្ណ ពិ​សេដ្ឋ និង​តំណាង​ក្រុមហ៊ុន​សំអាត​បាត​អាង លោក អ៊ុ រ៉េត ដើម្បី​សុំ​ការបំភ្លឺ​រឿងនេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​២០​មីនា​ឆ្នាំ​២០១៩ ព្រោះ​ទូរស័ព្ទ​ហៅចូល​គ្មាន​អ្នកទទួល​។ រីឯ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភ័​ក្ត្រា ក៏​មិន​អាច​ទាក់ទង​បានដែរ នៅ​ថ្ងៃ​ដដែល​នេះ​។​

​កន្លង​ទៅ​ថ្មី​នេះ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​ជា​សាធារណៈ​ទាក់ទិន​ការកាប់​ឈើ​ពី​ខាងក្រៅ បន្លំ​ចូល​បាត​អាង នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​បិទទ្វា​ទឹក​កម្ពស់ ៧០ ម៉ែត្រ​ជា​យូរ​មក​ហើយ​។ លោក​ស្នើឱ្យ​អាជ្ញាធរ​ជំនាញ​ពិនិត្យ​អាជីវកម្ម​នេះ​ឡើងវិញ​៖ «​ខ្ញុំ​សួរ​ហាស សារ៉េត ទៅ​ប្រមូល​បាត​អាង​អី​ទៀត បើ​បាត​អាង​សល់​ទឹក ៧០​ម៉ែត្រ​។ វា​មិនមែន​សម្អាត​បាត​អាង ទេ​តាមពិត​វា​ទៅ​កាប់​ឈើ​នៅ​អី​ណាណី ថា​សំអាត​បាត​អាង​។ វា​រី​អគ្គិសនី​ធ្វើ​យូរហើយ នៅតែ​សំអាត​បាត​អាង​មិនចេះចប់​មិនចេះ​ហេ​ី​យ​។​

​បើទោះបីជា លោក ស ខេង ថ្លែង​បែប​នេះ​ក្តី ក៏​គ្មាន​ស្ថាប័ន​ណាមួយ​អនុវត្ត​តាម​ដែរ មានន័យ​ថា បទបញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូបនេះ គឺ​សាប​ដូច​ទឹកទន្លេ​អញ្ចឹង​។​

​រីឯ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី ធ្លាប់​អះអាងថា ការស៊ើបអង្កេត​បទល្មើស​ព្រៃឈើ នៅ​តំបន់​បាត​អាង ពុំមែន​ជា​ភារកិច្ច​របស់​គណៈកម្មកា​រ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះទេ​។​

​សេចក្ដីរាយការណ៍​សហ​គ​មន៍​ការពារ​ព្រៃឈើ ឱ្យដឹងថា ក្រុមហ៊ុន​បាត​អាង​បាន​ឈូសឆាយ​ផ្លូវ​ជា​យូរ​មក​ហើយ សម្រាប់​ដឹក​ឈើ​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ឋិត​ក្នុង​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង និង​ស្រុក​តា​វែង ខេត្ត​រតនគិរី​។ អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នេះ បានធ្វើឱ្យ​ឈើមូល​មានតម្លៃ​ត្រូវបាន​គេ​អារ​រំលំ រួច​ដឹក​តាម​រថយន្ត​ប៉ា​កុង ចូល​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ ដើម្បី​បន្លំ​ជា​ឈើ​ស្របច្បាប់ បាន​កើតមាន​ច្រើន​ឆ្នាំ​មកហើយ​។​

​សកម្មជន​បរិស្ថាន​ដែល​ចុះ​តាមដាន​រឿងនេះ លោក ហេង ស្រស់ មាន​មតិ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គ្មាន​សមត្ថភាព​ទប់ស្កាត់​ប​ទ​ល្មើស​ព្រៃឈើ​នោះ​ទេ ព្រោះ​មេខ្លោង​ជួញដូរ​ឈើ​ទាំងនោះ គឺជា​ឧកញ៉ា​មាន​លុយ​មន​អំណាច​និង​មន្ត្រី​គ្រាក់ៗ​នាំគ្នា​ធ្វេី​សកម្មភាព​នេះ​៕ លោក​ថា ដង្ហើមចុងក្រោយ​ដើម្បី​សង្គ្រោះ​ព្រៃឈើ​បាន​ខ្លះ មាន​តែ​ពលរដ្ឋ និង​កម្លាំង​យុវជន​ទេ ព្រោះ​ក្រសួង​ពាក់ព័ន្ធ​ក៏​អសមត្ថភាព​ទប់ស្កាត់​ប​ទ​ល្មើស​ព្រៃឈើ​ឆ្លងដែន​ដែរ​។ លោក​ថា បច្ចុប្បន្ន​ក៏​នៅ​មាន​ការប្រមូល​ឈើ​ពី​ខាងក្រៅ​ចូល​ក្នុង​តំបន់​បាត​អាង ដើម្បី​បន្លំ​ជា​ឈើ​ស្របច្បាប់​រួច​ដឹក​ទៅ​ប្រទេស​វៀតណាម​និង​ចែកចាយ​ក្នុងស្រុក​។ លោក​រកឃើញថា អ្នកមានអំណាច ដែល​ល្បី​ខាង​ជួញដូរ​ឈើ​ទៅ​ក្រៅ​ប្រទេស​សុទ្ធសឹង​ជា​មន្ត្រី​អ្នកមាន​អំណាច​គ្រាក់ៗ និង​ជា​ឧកញ៉ា​ផងដែរ​៖ «​ឈើ​ហ្នឹង​ដឹក​ចេញពី​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​»៕