ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សហការជាមួយសមាគមក្នុងប្រទេសឥណ្ឌា ក៏ដូចជាសមាគមឥណ្ឌាក្នុងប្រទេសកម្ពុជា និងក្រុមអ្នករត់ រ៉ាន់វីតសាយ ‘Run with SAI’ បានរៀបចំកម្មវិធី រត់ដើម្បីសមភាព ដែលមានរយៈចម្ងាយ 5-KM នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៣នេះ។ ព្រឹត្តិការណ៍រត់ ចម្ងាយ ៥គីឡូម៉ែត្រនេះ រៀបចំឡើងពីព្រឹកព្រលឹម ដោយចាប់ផ្ដើមពីសួនច្បារវត្តបទុមរាជធានីភ្នំពេញ។ កម្មវិធីនេះមាន អ្នកចូលរួមរត់ប្រមាណ ១៥០នាក់មកពីសមាជិក នៃសមាគឥណ្ឌាក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋខ្មែរ និងជនបរទេសផ្សេងដទៃទៀតក៏បានចូលរួមផងដែរ។
លោកជំទាវ ដេវ៉ាយ៉ានី ខូប្រូហ្កេដ Devayani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានលើកឡើងថាការរៀបចំអោយមានការរត់នេះ គឺដើម្បីរំលឹកខួបកំណើតរបស់លោកបណ្ឌិត ប៊ី អ អាមប៊េដកា B.R. Ambedkar ដែលជាប្រមុខស្ថាបត្យកររដ្ឋធម្មនុញ្ញនៃប្រទេសឥណ្ឌា និងជាមេដឹកនាំសិទ្ធិស៊ីវិលនៃប្រទេសឥណ្ឌា។ លោកជំទាវបន្តថា កម្មវិធីរត់នេះ ក៏ដើម្បីអបអរដល់ជីវិតរស់នៅ និងការរួមចំណែករបស់លោកបណ្ឌិត ក្នុងការបណ្តុះនូវគុណ តម្លៃ នៃរដ្ឋធម្មនុញ្ញក្នុងចំណោមពលរដ្ឋឥណ្ឌា និងដើម្បីផ្សព្វផ្សាយនិងលើកកំពស់នូវសមភាព ភាតរភាព មនុស្សជាតិ សេរីភាព សេចក្តីថ្លៃថ្នូរ សេចក្ដីស្រឡាញ់។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់សមាជិក និងដៃគូ សម្រាប់ភាពជោគជ័យនៃការដំណើរការ។ លោកជំទាវចាត់ទុកបណ្ឌិត B.R. Ambedkar ថាជាអ្នកកែទម្រង់សង្គម ប្រកបដោយចក្ខុវិស័យ មេធាវី និងស្ថាបត្យករនៃរដ្ឋធម្មនុញ្ញរបស់ប្រទេសឥណ្ឌា ហើយបានលើកឡើងថា ការបង្រៀនរបស់គាត់ស្ដីពីសមភាព យុត្តិធម៌ និងនៅតែបន្តជំរុញ និង ដឹកនាំយើងឆ្ពោះទៅសង្គមមួយដែលមានភាពប្រសើរ។
នៅក្នុងអំឡុងព្រឹត្តិការណ៍នោះ ក៏មានការតាំងពិព័រណ៌រូបថតដែលបង្ហាញពីការរួមចំណែករបស់លោកបណ្ឌិត ប៊ី អ អាមប៊េដកា B.R.Ambedkar ដែលគាត់គឺជាប្រធានគណៈកម្មាធិការព្រាងច្បាប់រដ្ឋធម្មនុញ្ញឥណ្ឌា ដំបូង និងរូបថតរបស់គាត់ជាមួយអ្នកដឹកនាំប្រវត្តិសាស្រ្តនានា។