ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជាច្រានចោលការលើកឡើងរបស់អង្គការសង្គមស៊ីវិល មួយចំនួនតូច ពាក់ព័ន្ធការអនុវត្តន៍ច្បាប់ចំពោះក្រុមប្រឆាំង ដែលថារាជរដ្ឋាភិបាលមានភាពលំអៀង មិនគោរពសិទ្ធិមនុស្សទៅក្រុមបក្សប្រឆាំង។
ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការសិទ្ធិមនុស្សបានបញ្ជាក់ថា ការចោទប្រកាន់ របស់អង្គការសង្គមស៊ីវិលមួយចំនួនតូចមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលគ្មានមូលដ្ឋានច្បាស់លាស់ ពាក់ព័ន្ឋការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជាចំពោះគណៈបក្សប្រឆាំង ដែលបានធ្វើខុសច្បាប់នោះ គឺមិនពិតទេ ហើយអង្គការមួយចំនួនតូចនេះមានចេតនាផ្សព្វផ្សាយព័ត៌មានមិនពិតពីកម្ពុជា គឺគ្រាន់តែ ជាយុទ្ធសាស្រ្តក្នុងការទាក់ទាញចំណាប់អារម្មណ៍មកលើក្រុមពួកគេ និងមានគោលបំណងបំភាន់ សាធារណមតិតែប៉ុណ្ណោះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការគណៈកម្មការសិទ្ធិមនុស្ស ឯកឧត្តម កែវ រ៉េមី បានឆ្លើយតបទៅនឹងការលើកឡើងរបស់អង្គការសង្គមស៊ីវិលចំនួន ៦ ដែលបាន ដាក់លិខិតទៅសភាបរទេស ដោយបានចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា មិនបានគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជាពិសេសទៅលើគណបក្សសង្រ្គោះជាតិ និងគណៈបក្សភ្លើងទៀន ដោយពួក អង្គការសង្គមស៊ីវិលមួយចំនួននោះថា ការអនុវត្តន៍សិទ្ធិមនុស្សនៅកម្ពុជាមានការធ្លាក់ចុះខ្លាំង ។
ឯកឧត្តមបន្តថា ការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់នេះ គឺវាមិនពិតទាល់សោះ ទាំងដែល រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ បានលើកកម្ពស់សិទ្ធិមនុស្ស ព្រមទាំងជួយប្រជាពលរដ្ឋខ្មែរឱ្យរួចផុតភាព ក្រីក្រ ហើយកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងមានការគាំទ្រពីអន្តរជាតិផងដែរ។
«ការដែលប្ដឹងផ្ដល់ទាក់ទងព្រួយបារម្ភទៅលើស្ថានភាពសិទ្ធិមនុស្សកម្ពុជាតាមពិតគាត់ផ្ដោតលើរឿងគណបក្សសង្គ្រោះជាតិ ម្ដងទៀតយើងចង់និយាយឱ្យអស់ជាមួយគ្នាតែម្តងទៅ ការលើកឡើងរបស់ គាត់ហ្នឹង គឺនិយាយទៅនិយាយមកគឺទាក់ទងរឿងគណបក្សCNRP និងគណបក្សភ្លើងទៀន ដោយគាត់ យករូបភាពថាប្រជាធិបតេយ្យធ្លាក់ចុះការគោរពសិទ្ធិមនុស្សធ្លាក់ចុះ ក៏ប៉ុន្តែគាត់ផ្ដោតទៅលើ គណបក្ស នយោបាយពីរហ្នឹង ដែលសំខាន់អីហ្នឹង សកម្មជនរបស់គណបក្សនយោបាយប្រឆាំង»។
ឯកឧត្តមបន្ថែមថា ចំពោះការអនុវត្តវិធានការផ្លូវច្បាប់ទៅលើក្រុមគណបក្សប្រឆាំងកន្លងមក គឺធ្វើឡើង តាមអង្គហេតុ និងអង្គច្បាប់នៃប្រទេសកម្ពុជាប៉ុណ្ណោះ ហើយមិនបានរឹតត្បិតសិទ្ធិសេរីភាព ឬយាយី ដល់ពួកគាត់ឡើយ ដូច្នេះមានតែការចូលរួមអនុវត្តទៅតាមនីតីវិធីរបស់តុលាការទេ ដែលជាដំណោះស្រាយ ក្នុងការអនុវត្តសិទ្ធិសេរីភាពនិងភាពត្រឹមត្រូវរបស់ខ្លួនចំពោះមុខច្បាប់៕