ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បញ្ឈប់ការអនុញ្ញាតបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង និងចាត់វិធានការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ខ្លឹមសារទាំងស្រុង ” រដ្ឋបាលខេត្តកំពង់ស្ពឺ ជម្រាបជូន លោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ស្តីពីការបញ្ឈប់ការអនុញ្ញាតបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង និងចាត់វិធានការបង្ក្រាបល្បែង ស៊ីសងគ្រប់គ្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
យោងតាមការចាំបាច់របស់រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូន លោកអភិបាលក្រុង ស្រុក ជ្រាបថា ដើម្បីថែរក្សា បានសន្តិសុខ សុវត្ថិភាពសង្គម និងជំរុញការអនុវត្តច្បាប់ ក្នុងគោលបំណងពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធានាបានសុខសន្តិភាព ការអភិវឌ្ឍ លើកកម្ពស់ ជីវភាពពលរដ្ឋឱ្យមានភាពរីកចម្រើនជាលំដាប់ ដោយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់ អនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងធ្វើការបង្ក្រាបរាល់បទល្មើសជាប្រចាំ ធ្វើឱ្យពលរដ្ឋ មានជំនឿទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធផងដែរ។
ក្នុងន័យនេះ រដ្ឋបាលខេត្ត ស្នើលោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ចូលរួមអនុវត្តការបញ្ឈប់ ឬ បញ្ចប់ការផ្តល់អាជ្ញាបណ្ណបើកអាជីកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាងគ្រប់ប្រភេទ និងបន្តស្រាវជ្រាវបង្ក្រាបនូវទីតាំង លេងល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ច ព្រមទាំងចាត់វិធានការតាមច្បាប់ឱ្យបាន ម៉ឹងម៉ាត់បំផុត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកអភិបាលក្រុង ស្រុក ជ្រាប និង ចាត់ចែងអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់។ សូម លោកអភិបាល ក្រុង ស្រុក ទទួលនូវសេចក្ដីរាប់អានពីខ្ញុំ ៕”