ព័ត៌មានជាតិ

ក្រុងទាំងអស់ អាចនឹងប្រើប្រាស់រថយន្តក្រុងអគ្គិសនីជាមធ្យោបាយដឹកជញ្ចូនសាធារណៈ ខណៈដែលគម្រោងនេះកំពុងសិក្សាទៅលើក្រុងសៀមរាប ជាមុនសិន

ថ្ងៃសុក្រ ១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតិឱ្យគណៈប្រតិភូ វិទ្យាស្ថានកំណើនបៃតងសកល(GGGI) ដឹកនាំដោយលោកបណ្ឌិត Frank Rijsberman អគ្គនាយក ចូលជួបសម្តែងការគួរសម និងពិភាក្សាការ ងារដោយមានការចូលរួមផងដែរពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ។

ជំនួបពិភាក្សានេះបានផ្តោតលើ កិច្ចសហប្រតិបត្តិការការងារកន្លងមករវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនិងវិទ្យាស្ថានកំណើនបៃតងសកល និងទិសដៅអនុវត្តបន្ត។ ថ្លែងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ លោកបណ្ឌិតអគ្គនាយក GGGI បានគោរពថ្លែងអំណរគុណ ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានផ្តល់ទីតាំងនៅក្នុងក្រសួង ដើម្បីឱ្យវិទ្យាស្ថានអាចរៀបចំជាការិយាល័យ សម្រាប់បំពេញការងារទាក់ទងនឹងការសម្របសម្រួលគម្រោងនានា។ បន្ថែមពីលើនេះ លោកបណ្ឌិត បានជ្រាបពីគម្រោង ដែលវិទ្យាស្ថានកំពុងអនុវត្ត និងគម្រោងដែលគ្រោងនឹងអនុវត្ត នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺគម្រោងសិក្សាទាក់ទងនឹង ការដឹកជញ្ជូនបៃតង ការគ្រប់គ្រងកាកសំណល់ និងការលើកកម្ពស់សុខភាពអនាម័យក្នុងការស់នៅ។

ចំពោះគម្រោងទាក់ទងនឹងការដឹកជញ្ជូនបៃតង ដែលជួយកាត់បន្ថយការបំភាយឧស្ម័នGGGI ទើបបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពបឋម (Pre-feasibility Study) សេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី(E-Bus) ហើយលទ្ធផលនៃការសិក្សាបានបង្ហាញថា គម្រោងនេះគឺអាចប្រព្រឹត្តទៅបាន ដោយមិនមានបញ្ហាចោទឡើយ។ ជាមួយគ្នានេះ យុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រង និងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី(E Bus) នៅក្នុងក្រុងសៀមរាប គឺកំពុងត្រូវបានសិក្សាបន្ថែមផងដែរ ហើយករណីសិក្សានេះ នឹងត្រូវយកទៅធ្វើគម្រូ សម្រាប់ក្រុងផ្សេងៗទៀត ប្រសិនបើការសិក្សាសម្រេចបានលទ្ធផលជោគជ័យតាមការគ្រោងទុក។ ដោយឡែក ការគ្រប់គ្រងកាកសំណល់ និងការលើកកម្ពស់សុខភាពអនាម័យក្នុងការស់នៅ GGGI នឹងនាំយកបច្ចេកវិទ្យាទំនើបក្នុងការប្រមូល និងគ្រប់គ្រងកាកសំណល់ ដែលមានសមត្ថភាពអាចអនុវត្តបានពី ១០០០ ទៅ ១០ ០០០ ខ្នងផ្ទះក្នុងមួយថ្ងៃផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងនូវអំណរគុណ និងសម្តែងនូវបីតិសោមនស្សចំពោះវិទ្យាស្ថាន GGGI ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តការសិក្សាស្រាវជ្រាវលើទិដ្ឋភាពផ្សេងៗនៃទ្រឹស្តីកំណើនបៃតង ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ក្នុងលក្ខខណ្ឌគិតគូរពីបរិស្ថាន ដែលប្រកបដោយចីរភាព។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសម្តែងនូវសុទិដ្ឋនិយម និងឆន្ទៈក្នុងការគាំទ្រ លើរាល់សកម្មភាពដែលវិទ្យាស្ថានកំពុង ក៏ដូចជាគ្រោងនឹងអនុវត្តនាពេលអនាគត នៅក្នុងប្រទេសកម្ពុជា៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន