គិតមកដល់ត្រឹមវេលាម៉ោង ១០ និង៤០ នាទីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ម្ចាស់ផ្ទះស៊ីហ្គេម កម្ពុជាកំពុងបន្តក្តោបក្តាប់ដំណែងលើកំពូលតារាងមេដាយ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចំនួន៥ថ្ងៃជាប់ៗគ្នា ដោយចំនួនមេដាយមាសរបស់កម្ពុជានេះលើសចំនួនពីរដងនៃចំនួនមេដាយមាសរបស់ប្រទេសថៃ ដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ២ជាបណ្តោះអាសន្ន។
បើគិតចាប់តាំងពីឈ្នះមេដាយត្រឹមថ្ងៃទី០៤ ខែឧសភា រហូតមកដល់ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ គឺម្ចាស់ផ្ទះកម្ពុជានៅតែបន្តក្តោបក្តាប់មេដាយមាស ប្រាក់ និងសំរឹទ្ធ ច្រើនជាងគេ សរុប ៧៤គ្រឿង ដោយបន្តរក្សាដំណែងចំណាត់ថ្នាក់លេខ១លើកំពូលតារាងមេដាយចំនួន៥ថ្ងៃជាប់ៗគ្នា។
សម្រាប់មេដាយមាសរបស់ម្ចាស់ផ្ទះកម្ពុជា ចំនួន៣២ វិញ្ញាសានេះ គឺដណ្តើមបានជាបន្តបន្ទាប់លើប្រភេទកីឡាដូចជា បាល់បោះ ៣ទល់៣ (១), អុកចត្រង្គ (១), គ្រីកឃីត (១), អេឡិចត្រូនិក (២), ជឺជីតស៊ូ (៣), ការ៉ាតេ (១), គុនល្បុក្កតោ(៦), គុនខ្មែរ (២), បញ្ចសីលា (១), សីដក់-ឈិនឡូន (៤), សូហ្វតិន្នីស (២), ទ្រីយ៉ាត្លុង (២) និងប្រភេទកីឡាវ៉ូវីណាម ៦។
យោងតាមបញ្ជីមេដាយផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC)បានឱ្យដឹងថា កម្ពុជាមានមេដាយសរុប ៧៤គ្រឿង ក្នុងនោះមេដាយមាស ៣២គ្រឿង មេដាយប្រាក់ ២១គ្រឿង និងមេដាយសំរឹទ្ធ២១គ្រឿងដូចគ្នា ខណៈលេខ២បណ្តោះអាសន្ន ថៃ មានមេដាយសរុប ៥៧គ្រឿង ក្នុងនោះមេដាយមាស ១៦គ្រឿង ប្រាក់១៧គ្រឿង និងមេដាយសំរឹទ្ធ ២៤គ្រឿង។ ចំពោះចំណាត់ថ្នាក់លេខ៣បណ្តោះអាសន្ន គ្រប់គ្រងដោយឥណ្ឌូណេស៊ី មានមេដាយសរុប ៥២គ្រឿង ក្នុងនោះមាស ១៦គ្រឿង មេដាយប្រាក់ ១២គ្រឿង និងមេដាយសំរឹទ្ធ២៤គ្រឿង។ ចំពោះប្រទេសផ្សេងៗទៀត ក៏ទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធ នៅឈរនៅលេខរៀងជាបន្តបន្ទាប់ផងដែរ។
ដោយឡែក ចំពោះពីរប្រទេស គឺប្រ៊ុយណេ និងទីម័រខាងកើត មិនទាន់ទទួលបានមេដាយមាសនៅឡើយទេ ប៉ុន្តែទទួលបានមេដាយប្រាក់ និងទីម័រខាងកើត មានមេដាយសំរឹទ្ធ២គ្រឿង ដោយឈរនៅលេខរៀងបណ្តោះអាសន្ន លេខ១០ និងលេខ១១៕