ព័ត៌មានជាតិ

សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនដល់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ យោធភូមិភាគទី៣

កំពង់ស្ពឺ ៖ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ យោធភូមិភាគទី៣ កងទ័ពជើងគោក នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ តាមរយ:ឧត្ដមសេនីយ៍ទោ ម៉ាន ម៉ាច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ។

នេះជាទឹកចិត្ត និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត សម្រាប់កងកម្លាំងដែលកំពុងបំពេញបេសកកម្មនៅមូលដ្ឋានរបស់ខ្លួន ទាំងលើសុខទុក្ខ ជីវភាព និងស្ថិរភាពនៃប្រតិបត្តិការប្រចាំថ្ងៃរបស់អង្គភាព ក៏ដូចជាជួយសមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងអ្នកទទួលរងគ្រោះមហន្ដរាយផ្សេងៗ ។