ព័ត៌មានជាតិ

ឯកឧត្តម លី វ៉ាន់ហុង តំណាង រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ក្នុងពិធីបូកសរុបលទ្ធផលការងារក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ

បន្ទាប់ពីដំណើរការងារពេញមួយអាណត្តិរួចមក ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំដោយ ឯកឧត្តម វេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន បានរៀបចំពិធីបូកសរុបលទ្ធផលការងាររបស់ខ្លួននៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នាសណ្ឋាគារភ្នំប្រុស ភ្នំស្រី ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ជាតំណាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងវត្តមាន ឯកឧត្តម ហាន កុសល អភិបាលរង តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ។

ឯកឧត្តម វេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ បានជម្រាបជូនពីលទ្ធផលសកម្មភាពក្រុមគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្ដម ខៀវ កាញារីទ្ធ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបានអនុវត្តន៍នាពេលកន្លងមកនេះ ។

ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តមខៀវ កាញារីទ្ធចាប់ផ្តើមបង្កើតឡើងនៅខែមិនា ឆ្នាំ២០១៩ ដែល បច្ចុប្បន្ននេះ មានសមាសភាពសរុបចំនួន ៩២នាក់ក្នុងនោះមាន វេជ្ជបណ្ឌិតចំនួន ១០នាក់ ទន្តបណ្ឌិត១ នាក់ គ្រូពេទ្យ ៤នាក់ គិលានុបដ្ឋាកយិកា ៦២នាក់និងនិស្សិតគិលានុបដ្ឋាក ទន្តគិលាន១៥នាក់ ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមខៀវ កាញារីទ្ធ បានចុះពិនិត្យព្យាបាលនិង ថែទាំជំងឺជូនប្រជាជនដោយឥតគិតថ្លៃនិងមិនប្រកាន់និន្នាការនយោបាយ នៅទូទាំងក្នុងស្រុកកោះសូទិនបានចំនួន ២៩លើក សរុបចំនួនបានពិនិត្យព្យាបាល 18,280 នាក់ , ស្រី 9,660 នាក់ ហើយយ្រូវចំណាយថវិកាអស់ប្រមាណជាង 279 លានរៀល ។

លទ្ធផលដែលទទួលបាននាឱកាសនេះ អាស្រ័យដោយមានការចូលរួមប្រកបដោយ បរិយាបន្នពី ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវ ដែលបានគាំទ្រយ៉ាងពេញទំហឹង និងឧបត្ថម្ភទាំងស្មារតី និងថវិកា រួមជាមួយ ឯកឧត្តម លោកជំទាវ ក្រុមការងារក្រសួងព័ត៌មាន ចុះជួយ ស្រុក និងឃុំទាំង៨ ក្នុងស្រុកកោះសូទិន បូករួមជាមួយឆន្ទៈចូលរួមរបស់អាជ្ញាធរភូមិ ឃុំ ពិសេសឆន្ទៈលះបង់និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ចរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមរដ្ឋមន្ត្រីដែលនាំមកនូវលទ្ធផលគួរជាទីមោទន។

ឯកឧត្តម វេជ្ជបណ្ឌិត សៅ សំបូរ ជំនួសមុខក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ខៀវ កាញារីទ្ធ សូមគោរពថ្លែងអំណរគុណប្រកបដោយការ ដឹងគុណជូនចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ដែលបាន ឧបត្ថម្ភគាំទ្រទាំងស្មារតីនិងថវិកា ពិសេសបានផ្តល់ថវិកាសម្រាប់បង្កើត កម្មវិធីជប់លៀងនេះជាកិច្ចលើកទឹកចិត្តចំពោះការប្រឹងប្រែងមិនខ្លាច នឿយហត់របស់ក្រុមគ្រូពេទ្យក្នុងការងារពិនិត្យព្យាបាលនិងថែទាំជំងឺ ជូនប្រជាពលរដ្ឋ។

ឯកឧត្តម ឯកឧត្តម ហាន កុសល ក្នុងនាម ឯកឧត្តម អភិបាលខេត្តកំពង់ចាម អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកកោះសូទិន បានសំដែងនូវអំណរគុណចំពោះក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានចុះជួយពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃនាពេលកន្លងមកនេះ ដែលជាការបង្ហាញពីការគិតគួរនិងយកចិត្តទុក្ខដាក់ពីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតាមទៅជនបទ ។

ឯកឧត្តម លី វ៉ាន់ហុង ក្នុងនាម ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ត ដើម្បីចុះមកជួយធ្វើការពិនិត្យព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋ តាមបណ្តាឃុំទាំង ៨ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ឯកឧត្តម បានបញ្ជាក់ថា នៅពេលបន្តបន្ទាប់ខាងមុខទៀត ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ នឹងបន្តបេសកកម្មការងារចុះពិនិត្យព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋតាមភូមិ ឃុំ នានាក្នុងស្រុកកោះសូទិន ហើយជាមួយនេះក៏មានការផ្តល់ជូនវែនតាម្ញូប ថែមទៀតផងដែរ ។

គួរបញហជាក់ដែរថា ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ បានចុះជួយធ្វើការពិនិត្យពិគ្រោះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ ។ សកម្មភាពការងារមនុស្សធម៍ នាពេលកន្លងនេះ សបញ្ជាក់នូវការយកចិត្តទុកដាក់គិតគូរ ពីសណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ លើកបញ្ហាសុខទុក្ខ សុខភាព មាលភាពរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកកោះសូទិន ។ កម្មវិធីនៃការផ្តល់សេវា នាឱកាសនេះ រួមមាន ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺទូទៅ មនុស្សចាស់ និងកុមារ ពិនិត្យជំងឺធ្មេញ ពិសេសដកធ្មេញ វាស់ភ្នែក ផ្តល់ជូនវ៉ែនតា ដល់ ចាស់ៗ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ៕