ខេត្តព្រៃវែង ៖ ពលរដ្ឋម្ចាស់គោ-ក្របី ក្ដៅក្រហាយខ្លាំងណាស់ ព្រោះតែឧកញ៉ា ជឹម សុខ គាត់យក១០ម៉ឺនរៀល ១ក្បាលបាត់ទៅហើយ ដោយគោ-ក្របីរស់មួយថ្ងៃៗរាប់រយក្បាល យកទៅស្តុបទុកនៅមាត់ច្រកទ្វារព្រំដែនរបៀងស្វាយអា ង៉ោង ស្ថិតក្នុងឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយមិនឃើញមានមន្ត្រីជំនាញពេទ្យសត្វប្រចាំការ ចាំពិនិត្យលើបញ្ហាសុខភាពសត្វនោះទេ។
ដោយរង់ចាំភាគីខាងឈ្មួញវៀតណាម ឆ្លងដែនចូលមកទិញដល់ក្នុងដីខ្មែរ ពេលចរចាតម្លៃត្រូវឱ្យកម្មករ វៀតណាម ដឹកសត្វគោ-ក្របីឆ្លងដែនចូលទៅប្រទេសវៀតណាម ហើយបើមិនត្រូវតម្លៃ ប្រជាពលរដ្ឋខ្លះបង្ខំចិត្តដឹកសត្វគោ-ក្របី ត្រឡប់ទៅផ្ទះវិញទាំងទឹកមុខស្អុយក៏មានដែរ។ រីឯខាងក្រុមហ៊ុនមួយដែលរកស៊ី នាំគោ-ក្របីទៅប្រទេសវៀតណាមរាប់ឆ្នាំមកហើយ របស់លោកឧកញ៉ា ជឹម សុខ មានសិទ្ធិធំណាស់ ប្រៀប ដូចលោកបងធំប្រចាំការរាប់ក្បាលគោ-ក្របីយកលុយ ទោះបីជាសត្វគោក្របីប្រជាពលរដ្ឋលក់ដាច់ បាន តម្លៃថោកយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនលោកបងធំមួយនេះអត់ខ្វល់ដែរ ដឹងតែឱ្យកូនចៅឈរចាំហែក សំបុត្ររាប់ក្បាលគោ-ក្របី យកលុយ ១ក្បាល ១០ម៉ឺនរៀល ដាច់ថ្លៃមិនថាគោ-ក្របីតូចឬធំនោះទេ ដឹងតែ បង់លុយស្មើគ្នាទាំងអស់រាប់រយក្បាលជាប្រចាំថ្ងៃ។
ទង្វើនេះធ្វើឱ្យប្រជាពលរដ្ឋជាម្ចាស់គោ-ក្របី ត្អូញត្អែរថា ពួកគាត់ខំចិញ្ចឹមហត់ណាស់រាប់ឆ្នាំ ទម្រាំបានកូន មួយៗ មើលថែរហូតដល់ធំ ត្រូវការលក់យកលុយដោះស្រាយជីវភាពក្នុងគ្រួសារ បែរជាត្រូវបង់ពន្ធឱ្យ លោកឧកញ៉ា ជឹម សុខ អស់១០ម៉ឺនរៀលបាត់ ហើយបានន័យថា គ្រាន់តែកូនគោ-ក្របីកើតមកភ្លាម១ ក្បាល គឺពួកគាត់ជំពាក់បំណុលលោកឧកញ៉ា ជឹម សុខ ១០ម៉ឺនរៀលបាត់ទៅហើយ។ យោងតាមប្រភព ព័ត៌មានខ្លះដែលខ្លាចអំណាចលោកឧកញ៉ា ជឹម សុខ បានលួចនិយាយប្រាប់អ្នកសារព័ត៌មានយើងថា ច្រក ទ្វារព្រំដែនរបៀងកម្ពុជា-វៀតណាម ស្វាយអាង៉ោង និង ពាមបន្ទារ សព្វថ្ងៃនេះគ្មានប្រជាពលរដ្ឋណារកស៊ី បានទេ ព្រោះរាល់ទំនិញចេញ-ចូល សុទ្ធតែជារបស់លោកឧកញ៉ា ជឹម សុខ ទាំងអស់ ហើយសព្វថ្ងៃនេះ លោកឧកញ៉ា ជឹម សុខ កំពុងតែអភិវឌ្ឍធ្វើបេនស្រូវនៅជាប់មាត់ទន្លេតូច ផ្លូវខ្សែបន្ទាត់ព្រំដែន ចន្លោះកណ្តាលនៃច្រករបៀងស្វាយអាង៉ោង និង ពាមបន្ទារ ជិតរួចរាល់ហើយ។
ថ្ងៃមុនគ្រាន់តែពលរដ្ឋរស់នៅក្បែរជាប់ព្រំដែន ឆ្លងចូលទៅទិញជីថ្នាំ ឬ ប្រេងសាំងយកមកប្រើប្រាស់លើ ដំណាំផ្ទាល់ខ្លួន តាមច្រករបៀងពាមបន្ទារ ប៉ូលិសព្រំដែនគេឱ្យមកហើយ បែរជាកូនចៅរបស់លោកឧកញ៉ា ជឹម សុខ មកតាមកៀងពលរដ្ឋឱ្យទៅចូលបេនរបស់លោកឧកញ៉ា ជឹម សុខ ដែរ ប៉ុន្តែរឿងបង់លុយប៉ុន្មាន នោះ ប្រភពព័ត៌មានក៏មិនបានដឹងច្បាស់នោះដែរ។
ជុំវិញបញ្ហាខាងលើ លោក ចិន វិសាល ប្រធានការិយាល័យពេទ្យសត្វខេត្តព្រៃវែង បានឆ្លើយប្រាប់សារព័ត៌មាន តាមប្រព័ន្ធតេឡេក្រាមឱ្យដឹងថា ក្រុមហ៊ុនគេមានច្បាប់ ហើយគេរកស៊ីយូរហើយ កាសែតជាច្រើនសួរដដែលៗគ្រាន់តែប្រាប់ និង បញ្ជូនគោលការណ៍ក្រុមហ៊ុនឱ្យជិត៣០នាក់ហើយ សូមសួរទៅខាងក្រុមហ៊ុនខ្លួនឯងទៅ ខ្ញុំជាប់រវល់ប្រជុំ។
ចំណែកលោកឧកញ៉ា ជឹម សុខ បានប្រាប់ឱ្យសារព័ត៌មានដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះថា ក្រុមហ៊ុនលោកមានច្បាប់លិខិតអនុញ្ញាត មានលិខិតពាក់មី ដឹកជញ្ជូនតាមដងផ្លូវ ព្រោះលោករកស៊ី ជាង២០ឆ្នាំមកហើយ អ្នកណាក៏គេដឹងដែរ មានតែអ្នកព័ត៌មានមួយចំនួន ដឹងហើយធ្វើមិនដឹង។ អ្នកកាសែតមួយចំនួនចេះតែចុះផ្សាយ។ លោកឧកញ៉ាថា បើមិនឱ្យក្រុមហ៊ុនយកលុយឱ្យយកក្រដាសឬ? បើ ក្រុមហ៊ុនលោករត់ការចំណាយលុយអស់ច្រើនណាស់ ហើយបើតាមសៀវភៅបន្ទុកកាត់ពន្ធអាកររបស់ ក្រសួងគេយក ១ក្បាល ៤០០០ពាន់រៀលទៅហើយ តែខាងក្រុមហ៊ុនសម្រេចយក ១ក្បាល ១០ម៉ឺនរៀល ទើបក្រុមហ៊ុនរត់ការបាន អ្នកណារកបាន ឬរកមិនបានជារឿងរបស់គាត់ ក្រុមហ៊ុនមិនបង្ខំទេ។
រីឯបេនស្រូវដែលទើបបង្កើតថ្មីនោះ ក៏មានច្បាប់ជាគោលការណ៍ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រុមហ៊ុន វិនិយោគកុងត្រា១៩ឆ្នាំ សម្រាប់វេចខ្ចប់រាល់ទំនិញនាំចេញ-នាំចូល ហើយពេលដល់អាណត្តិ ត្រូវរុះរើចេញ ប្រគល់ដី-ទ្រព្យសម្បត្តិជូនរដ្ឋវិញតាមកិច្ចសន្យា។
និយាយពីរឿងនាំគោ-ក្របី ទៅលក់ឱ្យឈ្មួញវៀតណាម វិញ ពលរដ្ឋម្ចាស់គោ-ក្របី ក្ដៅក្រហាយខ្លាំងណាស់ ព្រោះតែឧកញ៉ា ជឹម សុខ គាត់យក១០ម៉ឺនរៀល ១ក្បាលបាត់ទៅហើយ។
#ប្រភពគេហទំព័រកាសែតកោះសន្តិភាព