ព័ត៌មានជាតិ

អាជ្ញាធរក្រុងតាខ្មៅ បណ្តែតបណ្តោយឱ្យថៅកែបនល្បែង បង្កើតល្បែងស៊ីសងខុសច្បាប់ ពង្វក់ប្រមូលលុយពីប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ

ល្បែងស៊ីសង(ក្រុងតាខ្មៅ)៖ ទីតាំងល្បែងស៊ីសងបញ្ជល់មាន់អនឡាញ នៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងមានអ្នកញៀនល្បែងចេញចូលលេងយ៉ាងអនាធិបតេយ្យ មិនខ្លាចញញឺតនឹងច្បាប់បន្តិចទាល់តែសោះ ទោះបីដឹងហើយថា ល្បែងស៊ីសងគឺជាអំពើខុសច្បាប់

ចំណែកអាជ្ញាធរមូលដ្ឋាន ជាពិសេសលោកនាយប៉ុស្តិ៍រដ្ឋបាលព្រែកខ្សេវ មិនគួរបណ្តែតបណ្តោយឱ្យឈ្មួញខាងបង្កើតបទល្មើសល្បែងស៊ីសង បន្តបង្កើតនៅក្នុងមូលដ្ឋានរបស់លោកនោះទេ ដែលផ្ទុយពីប្រសាសន៍របស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី។ ល្បែងស៊ីសង គឺជាដើមចមនៃបញ្ហាអសន្តិសុខ កើតនូវអំពើចោកម្ម និងបទល្មើសផ្សេងៗ ដូចជាចោរលួច ចោឆក់ ចោប្លន់ និងអំពើហិង្សាជាដើម។ ហេតុនេះសូមលោកនាយប៉ុស្តិ៍មេត្តាចាត់កម្លាំងត្រួតពិនិត្យនៅក្នុងមូលដ្ឋាន ដូចបានជម្រាបជូនក្នុងភូមិសាស្ត្រ និងបង្ក្រាល្បែងស៊ីសងខុសច្បាប់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារ ហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។

ដូច្នេះសូមលោកនាយប៉ុស្តិ៍ លោកអធិការក្រុងតាខ្មៅ ជាពិសេសលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដែលជាស្នងការខេត្តកណ្តាល មេត្តាជួយពង្រឹងកម្លាំងបន្ថែម ដើម្បីរក្សាឱ្យបាននូវភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។