ព័ត៌មានជាតិ

អាវុធហត្ថខេត្តបាត់ដំបងបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០៤នាក់ ក្នុងករណីកាប់ឆ្ការគាស់ឈូសឆាយព្រៃលិចទឹកនៅតំបន់ហាមឃាត់

ខេត្តបាត់ដំបង៖ យោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង៤និង០០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មានសន្ដិសុខ និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកបានដឹកនាំកម្លាំងសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ ចុះបង្រ្កាបករណីកាប់ឆ្ការគាស់ឈូសឆាយព្រៃលិចទឹក នៅចំណុចអូរទំនប់ស្ថិតនៅក្នុងភូមិគងទំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ទី១-ឈ្មោះ ជឿន រ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ , ទី២-ឈ្មោះ ឃួង អឿត ភេទប្រុស អាយុ៥០ , ទី៣-ឈ្មោះ ឯម ប៊ុនថន ភេទប្រុស អាយុ៣៧ឆ្នាំ និងទី៤-ឈ្មោះ ប៉ាន់ ភន ភេទប្រុស អាយុ៤០ឆ្នាំ ,ខណៈដែលពួកគេកំពុងធ្វើសកម្មភាពកាប់ឆ្ការគាស់ឈូសឆាយព្រៃលិចទឹកចំនួនសរុប ៣៩,០៧ហិកតា នៅក្នុងភូមិសាស្រ្តខាងលើ ។

វត្ថុតាងចាប់យកបានរួមមាន -ត្រាក់ទ័រចំនួន ០៤គ្រឿង និងម៉ូតូចំនួន ០១គ្រឿង បន្ទាប់មកជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅជំនាញខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងដើម្បីរៀបចំកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។ដោយ៖ជាង សុជាតិ