បទល្មើស

លោក ឯក លន់ អធិការស្រុកមុខកំពូល មានអ្វីពាក់ព័ន្ធនឹងលោកឌីណា ម្ចាស់ល្បែងស៊ីសងអនឡាញខុសច្បាប់ បានជាមិនចាត់វិធានការបង្ក្រាប ទុកឱ្យប្រជាពលរដ្ឋវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង ទោះមានការរាយការណ៍ក៏មិនអើពើ

ស្រុកមុខកំពូល ៖ ល្បែងស៊ីសងគឺជាអំពើខុសច្បាប់ដែលសង្គមស្អប់ខ្ពើម ប៉ុន្តែលោក ឯក លន់ ដែលត្រូវបានរាជរដ្ឋាភិបាលមានសេចក្តីទុក្ខចិត្ត តែងតាំងជា អធិការស្រុកមុខកំពូល ហាក់ភ្លេចបទបញ្ជាសម្តេចអតីតនាយករដ្ឋមន្ត្រី ព្រមទាំងភ្លេចអំពីការប្តេជ្ញាតាំងចិត្តបម្រើប្រជារាស្ត្រ និងសង្គមជាតិ ដើម្បីរក្សាឱ្យបាននូវភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ផ្ទុយទៅវិញ! អ្នកសារព័ត៌មាន បានរាយការណ៍ជូនលោកអំពីទីតាំងល្បែងស៊ីសងនៅក្នុងមូលដ្ឋានយ៉ាងណាក្តី ក៏លោកមិនអើពើទាល់តែសោះ ឬមួយលោកជាប់ពាក់ព័ន្ធអ្វីនឹងម្ចាស់ទីតាំង ទម្រាំអ្នកសារព័ត៌មានបញ្ជូនសារតាមរយៈ Telegram ទៅកាន់លោកក្តី តែលោកអធិការរូបនេះ នៅតែសម្ងំស្ងៀម ធ្វើមិនដឹង មិនលឺ។ តើប្រជាពលរដ្ឋនៅក្នុងស្រុកមុខកំពូលរំពឹងលើសន្តិសុខក្នុងសង្គម និងភូមិឃុំមានសុវត្ថិភាពអ្វីទៀត បើលោកអធិការរូបនេះ មិនទទួលនូវការឆ្លើយតបពីប្រជាពលរដ្ឋ ក៏ដូចជអ្នកសារព័ត៌មានរាយការណ៍ជូនលោកយ៉ាងដូច្នេះ?

ជាក់ស្តែង ទីតាំងល្បែងស៊ីសងបញ្ជល់មាន់អនឡាញខុសច្បាប់ របស់លោកឌីណា នៅជិត​ស្ពាន​ព្រែក​តា​មាក់ ​ភូមិ​កោះ​រកា ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល កំពុងមានសិទ្ធិអំណាចធំ ពង្វក់ស្មារតី និងប្រមូលលុយខុសច្បាប់ពីប្រជាពលរដ្ឋតាមមូលដ្ឋានយ៉ាងសេរី គ្មានអាជ្ញាធរមូលដ្ឋានណាហ៊ានចាត់វិធានការទប់ស្កាត់ឬបង្ក្រាបសោះឡើយ សូម្បីតែលោកអធិការ ឯក លន់ ជាអាជ្ញាធរគ្រប់គ្រងតំបន់នៅធ្វើមិនអើពើទៅហើយ។

សូមបញ្ជាក់ផងដែរថា ក្រុមការងារសារព័ត៌មានបានធ្វើការទំនាក់ទំនងទៅលោកវរសេនីយ៍ឯក ឯក លន់ តាមរយៈប្រព័ន្ធ Telegram ដោយឃើញថាលោកបានចូលអនឡាញ ប៉ុន្តែលោកមិនចូលមើលនិងឆ្លើយតបវិញទាល់តែសោះ។ ហេតុនេះហើយទើបអាចដាក់ការសង្ស័យបានថា លោកអធិការមានបញ្ហាពាក់ព័ន្ធអ្វីនឹងលោកឌីណា ម្ចាស់បនល្បែងស៊ីសងខុសច្បាប់មែនឬទេ?

យោងទៅតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង មាត្រា១: ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា លើកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល។ មាត្រា១១: ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសងឬបនល្បែងស៊ីសងគ្រប់ប្រភេទនៅទីណាក៏ដោយ ត្រូវផ្តន្ទាទោសដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ។

ដូច្នេះមានតែសង្ឃឹមថា ឯកឧត្តម ស សុខា និង ឯកឧត្តម សថេត ជាពិសេសនោះគឺឯកឧត្តម ឈឿន សុចិត្ត ជាស្នងការខេត្តកណ្តាល មេត្តាពិនិត្យនិងចាត់ធនធានដែលមានឆន្ទៈក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុងភូមិសាស្រ្តជិត​ស្ពាន​ព្រែក​តា​មាក់ ​ភូមិ​កោះ​រកា ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល និងបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ដើម្បីរក្សាឱ្យបាននូវភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។