ច្រកទ្វារអន្តរជាតិក្អមសំណរ(កាស៊ីណូថ្មពេជ្រ): សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រុមការងារព័ត៌មាន បានចុះទៅដល់ទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍ជូន ក៏សង្កេតឃើញថា ទីតាំងកាស៊ីណូថ្មពេជ្រ ស្ថិតនៅឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល កំពុងបណ្តោយឱ្យជនជាតិខ្មែរ មកលេងល្បែងស៊ីសងបញ្ជល់មាន់នៅក្នុងកាស៊ីណូយ៉ាងគគ្រឹកគគ្រេង និងមានជនជាតិវៀតណាម បានធ្វើការឆ្លងដែនចូលមកប្រទេសកម្ពុជាតាមច្រកក្អមសំណរ យ៉ាងអនាធិបតេយ្យនៅក្នុងមូលដ្ឋាន ដែលជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងមានចម្ងល់ថាតើប្រជាជនវៀតណាមទាំងអស់ដែលឆ្លងដែនយ៉ាងគគ្រឹកគគ្រេងចូលមកកម្ពុជាយ៉ាងច្រើនដូច្នេះ តើមានលិខិតឆ្លងដែនចេញចូលដែរឬទេ?
ពលរដ្ឋបានចោទសួរថា ហេតុអ្វីបានជាម្ចាស់កាស៊ីណូបណ្តោយឱ្យប្រជាពលរដ្ឋខ្មែរចូលលេង ? តាមដែលពួកគាត់ដឹង គឺកាស៊ីណូគេមិនឱ្យខ្មែរចូលលេងនោះទេ ដោយមួយថ្ងៃៗ គឺមានប្រជាពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង មិនដែលឃើញអាជ្ញាធរមូលដ្ឋាន ជាពិសេសគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម គ.ល.ក ចុះមកពិនិត្យ និងទប់ស្កាត់ចំពោះប្រជាពលរដ្ឋខ្មែរចូលទៅលេងទាល់តែសោះ។
យោងតាមច្បាប់ស្តីគ្រប់គ្រងល្បែងពាណិជ្ជកម្ម ជំពូកទី៧ ផ្នែកទី១ មាត្រា៦៨: ចំណុច(ង) ការចូលលេងល្បែងនៅក្នុងកាស៊ីណូ ឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ត្រូវហាមឃាត់ដាច់ខាតចំពោះ ប្រជាពលរដ្ឋខ្មែរទូទៅ ដោយរួមទាំងកងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈ និងពលរដ្ឋទទួលអាណត្តិ ដោយការបោះឆ្នោត។
ហេតុដូច្នេះ ប្រជាពលរដ្ឋសង្ឃឹមថា ប្រធានច្រកព្រំដែនអន្តរជាតិក្អមសំណរ ពិនិត្យមើលឱ្យបានច្បាស់នូវ លិខិតឆ្លងដែន ចំពោះជនបរទេស(វៀតណាម) ដែលឆ្លងដែនចូលមកកម្ពុជា ។ និងសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម គ.ល.ក ចុះមកពិនិត្យ និងទប់ស្កាត់ចំពោះប្រជាពលរដ្ឋខ្មែរចូលទៅលេងផង។
ភាពអសកម្ម និងកត្តាអសមត្ថភាពរបស់មន្ត្រីមូលដ្ឋាន គឺបណ្តាលឱ្យបាត់បង់នូវលក្ខណៈគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
(ច្បាប់ស្តីគ្រប់គ្រងល្បែងពាណិជ្ជកម្ម ជំពូកទី៧ ដែនកំណត់នៃការលេងល្បែង ផ្នែកទី១ ការរឹតត្បិតពីការលេងល្បែង មាត្រា៦៨: ការចូលលេងល្បែងនៅក្នុងកាស៊ីណូ ឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ត្រូវហាមឃាត់ដាច់ខាតចំពោះបុគ្គលដូចខាងក្រោម៖
ក. បុគ្គលដែលត្រូវបានចាត់ទុកថាមានវិបត្តិស្មារតី អសមត្ថភាពហិរញ្ញវត្ថុ ឬប្រកាសក្ស័យធុនដោយតុលាការ។
ខ. បុគ្គលដែលស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឬថ្នាំញៀន។
គ. បុគ្គលដែលយកមកជាមួយនូវអាវុធគ្រប់ប្រភេទ។
ឃ. បុគ្គលដែលមានអាយុក្រោម១៨ឆ្នាំ និង
ង. ប្រជាពលរដ្ឋខ្មែរទូទៅ ដោយរួមទាំងកងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈ និងពលរដ្ឋទទួលអាណត្តិ ដោយការបោះឆ្នោត។
ការចូលលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ត្រូវហាមឃាត់ចំពោះកម្មករនិយោជិតរបស់ប្រតិបត្តិករកាស៊ីណូ ឬប្រតិបត្តិករល្បែងពាណិជ្ជកម្មនៃគ្រឹះស្ថានល្បែងពាណិជ្ជកម្មដែលពួកគេកំពុងបម្រើការនៅទីនោះ។
ការរិតត្បិតពីការចូលលេងល្បែងនៅក្នុងកាស៊ីណូឬគ្រឹះស្ថានល្បែងពាណិជ្ជកម្មដូចមានចែងក្នុងកថាខណ្ឌទី១ខាងលើ មិនអនុវត្តលើល្បែងផ្សងសំណាងទេ។)