ព័ត៌មានជាតិ

ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ នៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដឹកនាំមន្ត្រីប្រតិបត្តិសាខា ដោយមានការចូលរួមពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងអរិយក្សត្រ បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន ១គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ នៅភូមិព្រែកក្មេង សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

មានប្រសាសន៍នាឱកាសនោះដែរ លោក ទៀង សុគន្ធ បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត។

លោកនាយកសាខា បន្តថា៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។

ក្នុងឱកាសនេះដែរ៖ លោកនាយកសាខា បានសម្ដែងនូវការសោកស្ដាយ និងអាណិតអាសូរជាពន់ពេក ចំពោះឧបទ្ទវហេតុដែលយើងទាំងអស់គ្នាមិនចង់ឱ្យកើតមានឡើងនៅលើខ្លួនយើងទាំងអស់គ្នាឡើយ។ ជាមួយគ្នានេះផងដែរលោកនាយកសាខា ក៏បានជំរុញ និងលើកទឹកចិត្តដល់ជនរងគ្រោះ សូមកុំមានការបាក់ទឹកចិត្ត និងអស់សង្ឃឹមក្នុងជីវិតឡើយ សូមបន្តខិតខំប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីទ្រទ្រង់ជីវភាពរបស់ក្រុមគ្រួសារយើងជាប្រចាំថ្ងៃ។

សូមបញ្ជាក់ផងដែរថា៖ កាលពីវេលាម៉ោងប្រមាណ១០:០០នាទី ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ នៅព្រែកក្មេង សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល  មានករណីគ្រោះអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន ១ខ្នង។

អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះអង្ករ៥០kg មី១កេស ទឹកត្រី១យូរ ត្រីខ១០កំប៉ុង ទឹកសុទ្ធ១កេស ឃីត១កញ្ចប់ សម្ភារផ្ទះបាយ ១ឈុត កៅសូតង់១ផ្ទាំង និងថវិកា ៨០ម៉ឺនរៀល។