ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោង១៤នឹង១៥នាទីដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ លោកវរសេនីយ៍ទោ វ៉ាន់ សុផានណា អធិការរងទទួលការងារអន្តោប្រវេសន៍ស្រុកស្វាយជ្រំ ដឹកនាំកម្លាំងជំនាញអន្តោប្រវេសន៍ស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស បានចុះឃាត់ខ្លួនជនជាតិវៀតណាម ម្នាក់ឈ្មោះង្វៀង វ៉ាន់ហឿង ភេទប្រុស អាយុ ៤៥ឆ្នាំ បានយកឆ្នោតពីប្រទេសវៀតណាម មកលក់លើទឹកដីកម្ពុជា ដោយខុសច្បាប់ត្រង់ចំណុច ផ្សារស្វាយជ្រំ សិ្ថតនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ក្រោយមកសមត្ថកិច្ចជំនាញ បាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ហើយដកហូតសន្លឹកឆ្នោតវៀតណាមបានចំនួន ៣៧សន្លឹក ដើម្បីរក្សាទុកធ្វើជាភស្តុតាង និងបានធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ទៅផ្ទះវិញ៕